Thursday, April 10, 2008

កំណាព្យ

ឱវាទព្រះពុទ្ធ

ព្រះពុទ្ធឱវាទបីប្រការ

ទុកជាសាសនាព្រះជិនស្រី

ប្រដៅសត្វលោកទាំងប្រុសស្រី

បានសុខសួស្តីដូចប្រាថ្នា

ទីមួយហាមសាងអំពើរបាប

លាមកឆ្អេះឆ្អាបគ្រប់អាត្មា

ដូចជនជាប់គុកគួររអា

បានមានផល្លាគួរស្មាលា

កុំសាងអាក្រក់នាំក្តីទុក្ខ

បាបជាជង្រុកកម្មវេរា

បីដូចស្រមោលយើងគ្រប់គ្នា

តាមគ្រប់វេលាទាំងយប់ថ្ងៃ

ទីពីរត្រូវសាងអំពើល្អ

កុសលបវរអចិន្ត្រៃយ៍

សន្តោសសង្គ្រោះអធ្យាស្រ័យ

ការមានតម្លៃត្រូវខ្ញីឃ្មាត

សាងល្អជាថ្នូរដូរយកសុខ

ជាស្បៀងកប់ទុកកុំរវាត

ជាតិនេះជាតិក្រោយគ្មានទុក្ខបៀត

បុណ្យជួយគ្រប់ជាតិដល់និពាន

ទីបីអប់រំទូន្មានចិត្ត

ឱ្យល្អប្រណីតមិនបំពាន

កុំល្មោភចង់បានមិនខ្មាសអៀន

សន្តោសត្រូវរៀនមានមេត្តា

ចិត្តជាប្រមុខជាប្រធាន

ទប់ចិត្តទើបមានក្តីសុខា

កុំបីភ្លើតភ្លើនក្នុងទោសា

ពាលាមោហាអបាយមុខ

ឱវាទទាំងបីត្រូវចងចាំ

ធ្វើតាមបណ្តាំព្រះផ្តាំទុក

គ្រប់ពេលវេលាជាត្រីមុខ

យើងពិតបានសុខសាន្តរៀងអើយ

ដោយ ភិក្ខុ វ៉ង់ សុភស្ត
ខ្ញុំបាទ ឈន់សុទ្ធិពង្ស បានទទួលការអនុញ្ញាតឱ្យផ្សាយបទកំណាព្យនេះពីព្រះតេជគុណ
ហើយ

0 មតិយោបល់-comments: